ពាក្យចាស់ទូន្មាន
-ពាក្យនេះពាក្យពីព្រេង-----ទោសខ្លួនឯងមើលមិនយល់
ទោសគេតូចសោតសល់---រមិលយល់ប៉ុនទាំងភ្នំ។
- ចូលព្រៃសត្វសាហាវ----រកអំពាវគ្នាមកជុំ
ដល់បានស្ករទឹកឃ្មុំ----ពួនសម្ងំសុីម្នាក់ឯង។
- បានហើយចង់បានទៀត--ឆ្លៀតហើយឆ្លៀតពុំគិតឈ្វេង
មើលយល់តែម្នាក់ឯង-----មិនយល់គេឯទៀតផង។
- ចង់ស៊ីចង់ពិសា----ខ្ជិលទំពាឲ្យហ្មត់ហ្មង
យល់នាមថាជាមង----យល់ឯងផងថាជាកួយ។
- យល់តាថាជីដូន-----យល់ឯកូនថាជាក្មួយ
យល់ពីរថាជាមួយ----យល់ឯព្រួយថាជាសុខ។
- យល់ទោសថាជាគុណ---យល់ឯបុណ្យថានរក
យល់ល្អថាអាក្រក់----យល់លាមកថាជាផ្កា។
- ស្លៀកស្បង់មិនកោរសក់----ឆ្លុះកញ្ចក់ធ្មេចនេត្រា
យល់សេះថាជាលា-----យល់គជាថាកណ្តុរ។
- ពាក្យនេះលោកពីព្រេង-----អ្នកណាឈ្វេងប្រាជ្ញាយល់
ឃើញថ្លុកកុំថាថ្នល់-----ក្រែងកំហល់កំហុសមាន។
- អ្នកប្រាជ្ញកាន់ពាក្យទៀង-----កុំលំអៀងពាក្យបុរាណ
កុំដើរផ្លូវបំពាន-----ពាក្យអ្នកចាស់លោកដៀលថា។
- ពាក្យនេះពីព្រេងព្រឹទ្ធ-----គួរឲ្យគិតពិចារណា
កុំអួតអង្គអាត្មា-----ថាចំណេះចំណាំមាន។
- ដេកយប់កុំដេកយូរ-----ខ្លាចក្តីទូជ៌នដល់ប្រាណ
បើស៊ីកុំតាមឃ្លាន-----គិតប្រមាណគ្រប់គ្នីគ្នា។
- លើកដាក់តាមកម្លាំង-----កុំពើចខ្លាំងឈឺដល់ស្មា
ប្រើគេប្រើឲ្យត្រា-----កុំស៊ាំស៊នរនចៅរ៉ៅ។
- ទោះគិតកុំរួសរាន់-----គិតឲ្យគ្រាន់ទើបដើរទៅ
កុំឲ្យមានអាស្រូវ-----កើតដំនៀលដល់អាត្មា។
- កុំយកឆ្អិនជាឆៅ-----កិច្ចក្នុងក្រៅមានតម្រា
កុំអាងឯងប្រាជ្ញា-----ចោលច្បាប់ក្បួនលោកព្រេងនាយ។
- ស្រដីឲ្យស្រួលស្រេច-----គិតសេចគ្រេចកុំគិតងាយ
រំពឹងឲ្យវែងឆ្ងាយ-----យល់លង្វែកពាក្យលោកថា។
- ពាក្យព្រេងលោកស្រដី-----ថាកុំបីចិញ្ចឹមខ្លា
ពាក្យព្រេងលោកឧបមា-----គិតត្រង់ណាធ្វើឲ្យបាន។
- កាន់កពស់ឲ្យខ្ជាប់-----ក្រែងក្រឡាប់ខាំឯប្រាណ
អូសទូកកុំឲ្យល្អាន-----ទឹកថ្លាសោតកុំឲ្យល្អក់។
- ស្លឹកឈើឥតកម្រើក-----បើកក្រើកត្បិតខ្យល់បក់
ទឹកថ្លាល្គឹកបើល្អក់-----ត្បិតរលកខ្លាំងសោះសា។
- យល់តូចកុំខិតខំ-----គួរសន្សំយកជាគ្នា
បានច្រើនកុំខំពារ-----សន្សឹមក្សិណតិចៗទៅ។
- អ្នកមានរក្សាខ្សត់-----ដូចសំពត់ព័ទ្ធពីក្រៅ
អ្នកប្រាជ្ញរក្សាខ្លៅ-----ដូចសំពៅនូវសំប៉ាន។
- អ្នកខ្ពស់រក្សាទាប-----ដោយសភាពធម៌បុរាណ
អ្នកឆ្អែតរក្សាឃ្លាន-----នាអ្នករុងរក្សាឆ្មារ។
- រក្សាទៅមុខរឹង-----ឥតកំដឹងអស់អម្បាល
ចំណេរចីរកាន់កាល-----ដូចរបងស្រាស់បន្លា។
- កុំឆ្អែតពេកតែឯង-----មិនគិតក្រែងអស់គ្នីគ្នា
គេឃ្លានៗផ្ទៃផ្សា-----ឲ្យឆីរ៉ាបានឆ្អែតផង។
- កុំមានចិត្តលលើ-----ពឹងក្រពើឲ្យចម្លង
កុំកាច់ឩសរបង-----វាំងចំណារឯអាត្មា។
- មានទូកហើយមានថ្នោល-----មានបង្គោលមានយុថ្កា
ទាំងពួរទាំងច្រវា-----ក្រជឹងចាប់ដោយនូវគ្រប់។
- ប្រយ័ត្នក្រែងព្យុះខ្យល់-----បក់បោកដល់នឹងទល់ទប់
ប្រយ័ត្នប្រយោជន៍គ្រប់-----ទើបហៅជាក់មានគំនិត។
- ពាក្យព្រេងគិតគួរចាំ-----ជាបណ្តាំប្រដៅចិត្ត
ពាក្យព្រេងពាក្យព្រេងព្រឹទ្ធ-----មុខគួរគិតៗឲ្យគ្រាន់។
- ពាក្យនេះជាសណ្តាប់-----ទុកជាច្បាប់ទៀងជាក់ស្បាន់
ពាក្យនេះជាកំណាន់-----កំណត់នៅឥតឃ្លាតឃ្លា។
- សូរេចនូវនិទាន-----ពាក្យទូន្មានដោយប្រការ
អម្បាលនេះឯងណា-----ចាំទុកកាយគ្រប់គ្រាន់ហោង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment